អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ។

តើ​សិទ្ធិមនុស្ស​ជា​អ្វី​?

មនុស្ស​គ្រប់រូប​កើតមក​មាន​សិទ្ធិ​ស្មើៗ​គ្នា តែ​សិទ្ធិ​នោះ ត្រូវបាន​កំណត់ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ រួមមាន រដ្ឋ​ធម្ម​នុ​ញ្ញ ច្បាប់ សន្ធិសញ្ញា អនុសញ្ញា និង​កតិកាសញ្ញា ជាដើម​។ តើ​សិទ្ធិមនុស្ស​ជា​អ្វី​?

 រូបភាព

​ភ្នំពេញ​៖ មនុស្ស​គ្រប់រូប​កើតមក​មាន​សិទ្ធិ​ស្មើៗ​គ្នា តែ​សិទ្ធិ​នោះ ត្រូវបាន​កំណត់ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ រួមមាន រដ្ឋ​ធម្ម​នុ​ញ្ញ ច្បាប់ សន្ធិសញ្ញា អនុសញ្ញា និង​កតិកាសញ្ញា ជាដើម​។ តើ​សិទ្ធិមនុស្ស​ជា​អ្វី​?


​តាម​មាត្រា ២ នៃសេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស មនុស្ស​ម្នាក់ៗ​អាច​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ទាំងអស់​ដែលមាន​ចែង​ក្នុង​សេចក្តីប្រកាស​នេះ ដោយ​គ្មាន​ការប្រកាន់​បែងចែក បែបណា​មួយ មាន​ជាអាទិ៍ ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត ដើមកំណើត​ជាតិ ឬ​សង្គម ទ្រព្យ​​សម្បត្តិ​​ កំណើត ឬ​ស្ថានភាព​​​​​ដទៃៗ​ទៀតឡើយ​។ ​​លើសពីនេះ បុគ្គល​គ្រប់រូប​មិនត្រូវ​ធ្វើការ​ប្រកាន់​បែងចែក​ណាមួយ ដោយ​សំអាង​ទៅលើ​ឋានៈ​ខាង​នយោបាយ ខាង​ដែន​សមត្ថកិច្ច ឬ​ខាង​អន្តរជាតិ​របស់​ប្រទេស ឬ​ដែនដី​ដែល បុគ្គល​ណា​ម្នាក់​រស់នៅ ទោះបីជា​ប្រទេស ឬ​ដែនដី​នោះ ឯករាជ្យ​ក្តី ស្ថិតក្រោម​អាណាព្យាបាលក្តី ឬ​គ្មាន​ស្វ័យគ្រប់គ្រង​ក្តី ឬ​ស្ថិតក្រោម​ការដាក់​កម្រិត​ផ្សេងទៀត​ណាមួយ​ដល់​អធិបតេយ្យភាព​ក្តី​។​

​មហាសន្និបាត​​​អង្គការ​​សហ​​ប្រជា​​ជាតិបាន​អនុម័ត និង​ប្រកាស​សេចក្តីប្រកាស​ជាស​កល​ស្តីពី សិទ្ធិមនុស្ស​ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៤៨។ មហា​សន្និបាត​​​ UN ​​​ប្រកាស​​ថា ​​សេចក្តីប្រកាស​​​​ជា​​ស​កល​ស្តីពី ​​​សិទ្ធិមនុស្ស​​​នេះ ជា​ឧ​ត្ត​ម​គតិ​រួម​​​ដែលរដ្ឋ​ទាំងអស់​ត្រូវធ្វើ​ឲ្យ​បានសម្រេច ដើម្បី​ឲ្យ​បុគ្គល​គ្រប់ៗ​រូប និង​អង្គ​ការ​​​សង្គម​​​ទាំងអស់ ​រក្សា​ខ្ជាប់​​​ជានិច្ច​ក្នុង​ស្មា​រតី​​របស់ខ្លួន​​នូវ​សេចក្តី​​ប្រកាស​​​​នេះ​។​

​ជាងនេះទៀត មហាសន្និបាត UN បាន​បង្គាប់​រាល់​ប្រទេស​ហត្ថលេខីទាំងអស់ ​​​​ខិតខំ​ប្រឹងប្រែង​​​ធានា​​​ឲ្យ​មានការ​ទទួល​​ស្គាល់ និង​​​ការអនុវត្ត​​​សិទ្ធិមនុស្ស​ជាស​កល​​​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សិទ្ធិ និង​សេរីភាព​​​ដល់​ប្រជាពលរដ្ឋ​​​ ​​នៃ​រដ្ឋ​សមាជិក និង​ប្រជាពលរដ្ឋ​ដែនដី​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​នៃ​រដ្ឋ​ទាំងនោះ ស្របតាម​វិធានការ​ជាតិ និង​អន្តរជាតិ​។​​​​​​

​មនុស្ស​មាន​សិទ្ធិ​ជា​មូលដ្ឋាន រួមមាន សិទ្ធិ​មានជីវិត​រស់នៅ សេរីភាព​របស់​បុគ្គល សន្តិសុខ សេរីភាព​ក្នុងការ​ធ្វើដំណើរ សេរីភាព​ក្នុង​ជំនឿ​សាសនា ការជួប​ប្រជុំគ្នា និង​បង្កើត​សមាគម​រួមទាំង​ការបង្កើត គណបក្សនយោបាយ និង​សហជីព ដំណើរការ​តុលាការ​ត្រឹមត្រូវ និង​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ការការពារ​កុំ​ឲ្យ​មានការ​ដកហូត​សិទ្ធិកម្មសិទ្ធិ​តាម​ទំនើងចិត្ត ឬ​ការដកហូត​កម្មសិទ្ធិឯកជន​ដោយ​គ្មាន​ការ​សងជំងឺចិត្ត​ដ៏​ត្រឹមត្រូវ សេរីភាព ដោយ​គ្មាន​កា​ប្រកាន់​រើសអើង​ពូជសាសន៍ ជនជាតិ ជំនឿ សាសនា និង​ភេទ​ឡើយ​។ ក្រៅពី​សិទ្ធិ​ជា​មូលដ្ឋាន មនុស្ស​មាន​សិទ្ធិ​សង្គម និង​សេដ្ឋកិច្ច រួមមាន សិទ្ធិ​ទទួលបាន​ការងារ ​ការអប់រំ និង​ការចូលរួម​ក្នុង​ជីវិត​វប្បធម៌​សហគមន៍ ។​ល​។​

​តែ​យ៉ាងណា ការប្រើប្រាស់​សិទ្ធិ​ត្រូវបាន​កំណត់​ក្នុង​ច្បាប់ ដើម្បី​កុំ​ឲ្យ​រំលោភ​លើ​សិទ្ធិ​អ្នកដទៃ​។ តាម​មាត្រា ២៩ នៃសេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស បុគ្គល​ម្នាក់ៗ​មាន​ករណី​កិច្ច ចំពោះ​សហគមន៍ ដែលជា​កន្លែង​តែមួយគត់ ដែល​អាចបង្កើត​នូវ​ការរីកចម្រើន​ពេញបរិបូរណ៍ និង​ដោយ​សេរី​នូវ​បុគ្គលិកលក្ខណៈ​របស់ខ្លួន​។ ដើម្បី​អនុវត្ត​​សិទ្ធិ​​សេរីភាព​​​របស់ខ្លួន មនុស្ស​គ្រប់រូបត្រូវ​ស្ថិតក្នុង​ការកំណត់​ទាំងឡាយណា ដែល​ច្បាប់​បានកំណត់ ក្នុង​គោលបំណង​ឲ្យ​មានការ​ទទួលស្គាល់ និង​គោរព​ដល់​សិទ្ធិ និង​សេរីភាព​ទាំងឡាយ​របស់​អ្នកដទៃ និង​ដើម្បី​ឆ្លើយតប​នឹង​ការតម្រូវ​យ៉ាង​ត្រឹមត្រូវ​អំពី​សីលធម៌ របៀបរៀបរយ​សាធារណៈ និង​​សុខុមាលភាព​ទូទៅ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ​។ ទោះជា​ក្នុងករណី​ណាក៏ដោយ សិទ្ធិ និង​សេរីភាព​ទាំងនោះ មិនអាច​យកទៅ​ប្រើប្រាស់​ផ្ទុយ​នឹង​គោលការណ៍​របស់​សហប្រជាជាតិ​ឡើយ​។​

​សរុប​ជារួម សិទ្ធិមនុស្ស គឺជាសិទ្ធិមូលដ្ឋាន ​អំណាច​ការពារ​ស្របច្បាប់​ ឬកម្មសិទ្ធិរបស់​មនុស្ស​ ក្នុងការ​រស់នៅ​ប្រកប​កិច្ចការងារ​រៀងៗ​ខ្លួន ដែលមានចែងក្នុងសេចក្តីប្រកាស​ជា​ស​កល​ស្តីពី​ សិទ្ធិមនុស្ស​​។​​​​

​ក្រឡេក​មក​កម្ពុជា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ កម្ពុជាមាន​លិខិតបទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ការការពារ​សិទ្ធិមនុស្ស​ក្រោម​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ត្រូវបាន​ធ្វើឡើង​តាម​វិធី​ពីរ​យ៉ាង​គឺ ទីមួយ អនុលោម​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ​កម្ពុជា​បានដាក់​ប​ញ្ជូ​ល​សេចក្តីប្រកាស​ស្តីពី សិទ្ធិមនុស្ស ដែល​ពិនិត្យឃើញ​ភាគច្រើន​នៅក្នុង​ជំពូក​​ ៣ អំពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

​តាម​មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ ដែល​បា​នប​ញ្ជូ​ល​ដោយផ្ទាល់​នូវ លិ​ខិ​តូ​បក​រណ៍​សិទ្ធិមនុស្ស បាន​ចែងថា ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្តីប្រកាស​ជាស​កល​ស្តីពី សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ​។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិសេរីភាព និង​ករណី កិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ​ស្ថានភាព​ឯទៀត​ឡើយ​។ ការប្រើ​សិទ្ធិ សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព​អ្នកដទៃ​ឡើយ​ ពោលគឺ ការប្រើ​សិទ្ធិសេរីភាព​នេះ ត្រូវ​ប្រព្រឹត្ត​តាម​ល័​ក្ខ​ខណ្ឌ កំណត់​ក្នុង​ច្បាប់​។

​តើ​រដ្ឋ​​សមាជិក UN ​ទាំងអស់ បាន​លើកតម្កើង ​គោរព​សិទ្ធិមនុស្សជា​មូលដ្ឋាន ប្រឆាំងនឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស ដោយ​គ្មាន​ការប្រកាន់​ពូជសាសន៍ ភេទ ភាសា និង​សាសនា​ជាដើម ហើយ​ឬ​នៅ​?

ប្រភពមកពី៖ https://thmeythmey.com/?page=detail&id=33981

Recent Tips

ភាពជាអ្នកដឹកនាំតាមរយៈការកសាងស្នាដៃ | Leadership through achievement building

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។